BTemplates.com

khmer kids. Powered by Blogger.

Translate

Search This Blog

Thursday, August 21, 2014

រឿង​ពាក្យ​សុភាសិត​តម្លៃ​៣០​តម្លឹង


Khmer folk tale, story for kid: កាល​ពី​ព្រេងនាយ​ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី​ បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់​ យក​ប្រាក់​៣០​តម្លឹង​ លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន​ ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា​ ទី​ត្រង់​ណា​ មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ​ ក៏​ទៅ​រក​ត្រង់​នោះ​ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ​ គេ​សូត្រ​ឲ្យ​ស្ដាប់​​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេចៗ​ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅៗ​ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា << អ្នក​ឯង​ទៅ​ណា​ ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ​ ត្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​​បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក​ ក្រែង​តា​ចេះ​ដឹង​ ប្រដៅ​ចៅ​ផង >> ។ តា​ចាស់​ឆ្លើយ​ថា​ តា​មាន​របៀន​បីបទ​ តម្លៃ​៣០​ តម្លឹង​ បើ​ចៅ​ឯង​កាន់​ជាប់​ ចៅ​ឯង​មិន​ច្បុត​ទេ​ គង់​បាន​ដូច​ចិត្ត​ បើ​មាន​កិច្ច​ មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ​ ពូកែ​ណាស់ >> ។ បុរស​នោះ​ថា << តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត​ ខ្ញុំ​យក >> តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត, ដេក​យប់​កុំ​និយាយ​នឹង​ស្រី, ឃ្លាន​កុំ​អាល​ស៊ី >> ។ បុរស​នោះ​ស្ដាប់​បាន​ ចូល​ចិត្ត​ ក៏​ប្រគល់​ប្រាក់​៣០​តម្លឹង​ឲ្យ​តា​នោះ​ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់ ។ ឯ​តា​ចាស់​ប្រាប់​ថា << បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន​ តា​ឲ្យ​ទទេ​ មិន​យក​តម្លៃ​ទេ >> ។ ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​ក៏​លា​តា​ចាស់​នោះ​ វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក​ ជួប​នឹង​សំពៅ​ឈ្មួញ​មួយ , បុរស​នោះ​ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក, ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ ។ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ហើយ​ចេះ​តែ​ជួយ​លាង​ ជួយ​ថែ​ទាំ​ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក​ គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់​ នឹក​ហើយ​ ក៏​ស្រឡាញ់​បុរស​នោះ​ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ​ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ​ ដូចជា​កូន​ឈ្នួល​ឯ​ទៀតៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា << បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ >> ។ លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ​ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​អណ្ដាប់​ពោរពាស​ សុទ្ធ​តែ​ចំណី​ ស្រា​ បាយ​ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី ។
អ្នក​សំពៅ​ កាល​ដល់​វិហារ​នោះ​ ក៏​ចត​សំពៅ​ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ​ ពុំ​មាន​មនុស្ស​ ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា​ ខាន​តែ​បុរស​ម្នាក់​នោះ​ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត​ ដេក​យប់​កុំ​និយាយ​នឹង​ស្រី​ ឃ្លាន​កុំ​អាល​ស៊ី >> ដោយ​គិត​ថា << ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ​ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ, ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន >> គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី​ ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារ​ ដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល ។
លុះ​ដល់​ថ្ងៃត្រង់​ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា << នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ >> ។ យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះ​ ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ​ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ​ រួច​ក្រឡេក​មើល​ក្រឡេម​ក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់​ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា << បើ​អញ​ស្រែក​ ក្រែង​យក្ស​ឮ​វា​ឃើញ​អញ​ ហើយ​វា​នឹង​ស៊ី​អញ​ទៀត >> គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម​ ស្រែក​វ៉ាស​ឡើង​ យក្ស​ភ័យ​ណាស់​ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ ។ បុរស​នោះ​ បាន​ដំបង​វាយ​ឯង​ហើយ​ ក៏​ដើរ​ត្រឡប់​មក​ស្រុក​ ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។
លុះ​ដើរ​មក​ដល់​ផ្ទះ​ ក្នុង​វេលា​យប់​ បុរស​នោះ​ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ​ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ ប្រពន្ធ​សួរ​ ប្រាប់​ប្រពន្ធ​ថា​ ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់ >> ។
ក្រោយ​ពេល​ដែល​ប្ដី​ទៅ​ ប្រពន្ធ​នៅ​ផ្ទះ​ វា​មាន​សាហាយ, វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ​ សាហាយ​វា​សួរ​ថា​ ដំណើរ​ដូចម្ដេច​ ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន ? ។ ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល ។ ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា : អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា << ដេក​យប់​កុំ​និយាយ​នឹង​ស្រី >> ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ ។ ប្រពន្ធ​សួរថា << អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ >> ។ ប្ដី​ថា << បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ​ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត >> ។ ប្រពន្ធ​សួរថា<< ដំបង​នោះ​ទុក​នៅ​ឯណា​ ឥឡូវ​នេះ ? ខ្ញុំ​ចង់​ឃើញ >> ។ ប្ដី​ថា << អញ​ទុក​ក្រោម​ជណ្ដើរ​ យក​ថ្ម​គ្រប >> ថា​ហើយ​ក៏​ដេក​លក់​ទៅ ។សាហាយ​ លប​ស្ដាប់​ឮ​ហើយ​ ក៏​ទៅ​ក្រោម​ជណ្ដើរ​ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ។
លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ ឡើង​បុរស​នោះ​ រឭក​ពី​ដេក​ ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា << អញ​ប្រាប់​មិន​ជឿ​​ អញ​ថា​ ខុស​គ្រូ​ហើយ​​ ឯង​ចេះ​តែ​លួង​អញ​ ទាល់​តែ​អញ​ប្រាប់​ ឥឡូវ​នេះ​ មនុស្ស​ឮ​ វា​លួច​យក​ដំបង​បាត់​ហើយ >> ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សាហាយ​លួច​ ក៏​មិន​ស្ដី​ ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ីៗ​រួច​ហើយ​ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ​ នាំ​ទៅ​ប្ដឹង​មេ​ស្រុក​ ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ ។ មេ​ស្រុក​ ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី​ គេ​ជេរ​ថា << អា​កំព្រើល ! តាំង​ពី​ដូនតា​មក​ នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង >> គេ​គម្រាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង​ តាំង​តែ​ពី​មេ​ស្រុក​ ដល់​ទៅ​លោក​យមរាជ​ អ្នក​រាជការ​គ្រប់​ក្រសួង​ គេ​ចេះ​តែ​ដេញ​ចេញ​ គេ​ថា​ មនុស្ស​ឆ្កួត​ គេ​មិន​ឲ្យ​ចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ​​ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា << មែន​បាន​គេ​ថា, មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ, មាន​សម្រាម​បាន​ឆ្កែ​វា​ជុះ, អស់​នាម៉ឺន​កុំ​ថា​វា​ឆ្កួត​​សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា​ ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា << ណ្ហើយ​ វិល​ទៅ​ផ្ទះ​ចុះ​ កាលណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក >> ។ បុរស​នោះ​ទទួល​ថា << ព្រះ​ករុណា​ថ្លៃ​វិសេស >> ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ ។
ក្រោយ​ពេល​បុរស​នោះ​ទៅ​ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ប្រាប់​បណ្ដា​រាស្រ្ត​ថា​ ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់​ ឲ្យ​បណ្ដារាស្រ្ត​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ >> ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន ។ កាល​នោះ​​អស់​រាស្រ្ត​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា ។ ស្ដេច​ទ្រង់​យាង​ចូល​ទៅ​ ក្នុង​ព្រះ​រាជដំណាក់​ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច​ អស់​រាស្រ្ត​និង​នាម៉ឺន​ ពុំ​ដែល​មាន​ ទ្រង់​ប្រើ​អាមាត្យ​ម្នាក់​ យក​ទៅ​ឲ្យ​បុរស​នោះ​ ហើយ​ប្រាប់​ថា << ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង​ និង​ប្រពន្ធ​អ្នក​ឯង​លាប , ប៉ុន្តែ​ឲ្យ​អ្នក​ឯងនៅ​ផ្ទះ​ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ>> ។ អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ​ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ។ បុរស​នោះ​បាន​ប្រេង​ ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា << ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក​​ ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង​ ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ , តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល​ ឯង​យក​ទៅ​លាប​ ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ​ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរពន់ពេក​ ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់​ ក៏​យក​ប្រេង​ទៅ​ឲ្យ​សាហាយ​លាប​ផង​ ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា​ លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ​ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ << ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដារាស្រ្ត​ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន​ បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ​ ប៉ុន្មាន​នាក់​ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់ >>។
នាម៉ឺន​នោះ​ ក្រាប​ថ្វាយ​បង្គំ​ហើយ​ ទៅ​ហិត​មនុស្ស​ឯ​ទៀត​ មិន​ធុំ​សោះ​ ធុំ​តែ​ប្រុស​ម្នាក់​ ស្រី​ម្នាក់​ ដែល​ឈរ​ទន្ទឹម​គ្នា​ លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ​ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី​ យក​ទៅ​ថ្វាយ​ស្ដេចៗ​ឲ្យ​លែង​រាំ​ទៅ​ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី​ មក​ដល់​ហើយ​ទ្រង់​សួរថា << នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ ? បុរស​នោះ​ក្រាប​ទូល​ថា <<មែន>>។ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ ទៅ​ប្រុស​សាហាយ​នោះ​ថា​ ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ? ។ សាហាយ​នោះ​ក្រាប​បង្គំទូល​ថា << លួច​មែន >> ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក​ ឲ្យ​យក​សាហាយ​ទាំង​ប្រុស​ស្រី​នោះ​ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស​ ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង​ ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សាហាយ​នោះ​ ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ ។ ប្រុស​សាហាយ​នោះ​អរណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ ។
ឯ​បុរស​ម្ចាស់​ដំបង​ ថ្វាយ​ដំបង​ទៅ​ស្ដេច​ ហើយ​ក្រាប​លា​ទៅ​ទៀត​ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា << ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់​ ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស - ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ​​ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង​ ក៏​យក​កាំបិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច​ ដើរ​ចេញ​ទៅ​ទៀត ។ ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ , តែ​អស់​នាហ្មឺន​ គេ​ត្មះតិះដៀល​បុរស​នោះ​ ថា​ជា​មនុស្ស​ឆោត​ ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី ។
បុរស​នោះ​ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ​ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា << ព្រឹក​ស្អែក​ ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ​ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ​ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ​ បើ​ធ្វើ​ពុំ​ទាន់​ នឹង​យក​ទោស​ដល់​ជីវិត ។ រី​ឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់​ ហើយ​ពុំ​ធ្វើ​រទេះ​ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ ។
ថ្ងៃ​នោះ​ ជួន​ជា​បុរស​នោះ​ ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ​ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា << ចុះ​លោក​មាន​ការ​អ្វី​ បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ ? >> ។ គេ​ប្រាប់​ថា <<ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយ​ លាបលន​យ៉ាង​ល្អ​ ឲ្យ​ទាន់​ព្រឹក​នេះ​ ស្ដេច​ក្រសាល​ព្រៃ​ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត,ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ទាន់​ដឹង​ខ្លួន​ថា​ស្លាប់​ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ>>។
បុរស​នោះ​ឆ្លើយ​ថា​ << ក្រអី​ប៉ុណ្ណឹង​ ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ​ ទាន់​ព្រឹក​នេះ>> មហាសេដ្ឋី​បាន​ឮ​ដូច្នោះ​អរណាស់​ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត​១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ​ បាន​រួច​ស្រេច​ក្នុង​យប់​នោះ​ ហើយ​លាបលន​យ៉ាង​ល្អ​ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​ទត​ឃើញ​​ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ​ ក៏​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់​ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន​ មាន​តែ​កូន​ក្រមុំ​១​ ល្មម​ឲ្យ​មាន​ប្ដី​ ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ << គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ​ ពេល​ផ្សំ​ដំណេក​ បុរស​នោះ​ គិត​ល្បង​ចិត្ត​ប្រពន្ធ​ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ​ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កំអួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ​ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា<< លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក​ ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ​ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ​ក៏​ឃាត់​ថា << កូន​ដេក​ទៅ​ កុំ​និយាយ​ ត្បិត​ប្ដី​កំពុង​ស្រវឹង​​ ហើយ​គេ​មាន​គុណ​ផង >> ឃាត់​ដូចម្ដេច​ ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា​ <<បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន​ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។
លុះ​ព្រឹក​ឡើង​ បុរស​នោះ​រលឹក​ពី​ដេក​ ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ​ ប្រាប់​ថា << មិន​ព្រម​យក​ទេ >> ហើយ​ថា​ មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា​ ក៏​បុរស​នោះ​ពុំ​ព្រម​នៅ​ ពុំ​ព្រម​យក​ ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ​ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត​ ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។
បុរស​នោះ​ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ​ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន​ ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះស្លាប់​អស់​ជា​ច្រើន។
នៅ​ថ្ងៃ​ដែល​បុរស​នោះ​ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា​ ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះ​ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា << លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន​ ហើយ​ហេតុ​ដូចម្ដេច​ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ដូច្នេះ>>។ គេ​ប្រាប់​ថា​លោក​ លោក​ត្រូវ​ទៅ​ដេក​វេន​ ថ្វាយ​ស្ដេច​កាប់ក្នុង​ពេល​ល្ងាច​នេះ​ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់ >> ។ បុរស​នោះ​ថា<< ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ​ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស>>។គេ​ឮ​ដូច្នោះ​ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ​ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា << បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក>>។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់​ យក​មក​ពាក់​ រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង​ បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច, ពេល​យប់​ជ្រៅ​ស្ងាត់​ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះខ័ន​ យាង​ចូល​មក​និង​កាប់​បុរស​នោះ​ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត​ ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់​ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា << នរណា​ចូល​មក​ទាំង​យប់​នោះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ>>ថា​ហើយ​ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា << ទេ​​អញ​ទេ>>។ <<នរណា​អញ​ទេៗ!។<<អញ​ជា​ស្ដេច>> ។ << ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ>>។
សួរ​ដេញ​ដោល​ដូច្នោះ​ហើយ​ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរថា<<ចៅ​នៅ​ឯណា!។ បុរស​នោះ​ថា << ខ្ញុំ​នៅ​ផ្ទះ​ចៅ​ហ៊្វា >> ។ ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ។
លុះ​ព្រឹក​ឡើង​ បុរស​នោះ​ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា<<បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់​ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ >> ។ ចៅហ៊្វា​សួរ​ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​ សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា<<ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ​ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ​ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម​ តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់​ ទើប​ស្ដេច​ទ្រង់​កាប់​ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​ យើង​ដេក​លក់​នោះ​ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?>> ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់​ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។
ចៅហ៊្វា​នោះ​ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ​ ដោយ​គិត​ថា​ បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។
លុះ​ព្រឹក​ឡើង​ ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ។
វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ​ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង​ មាន​តែ​ព្រះរាជធីតា​មួយ​អង្គ​ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា​ និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ។
ពាក្យ​ពិត​ មិន​ចេះ​ស្លាប់

0 comments:

Post a Comment