BTemplates.com

khmer kids. Powered by Blogger.

Translate

Search This Blog

Thursday, August 21, 2014

រឿង​ស្រី​ក្ងោក​មាស


Khmer folk tale, story for kid: ដើម​ឡើយ​ មាន​បុរស​ម្នាក់​ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា << កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង​ និង​ស្រី​សៅកែ​ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី​ និង​ម៉េម៉ាយ​ប្ដី​ស្លាប់​ ធ្វើ​ជា​ប្រពន្ធ​ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី >> តែ​មិន​ដូច្នោះ​ បុរស​នោះ​ បាន​យក​ស្រី​ទាំង​៤​នាក់​នោះ​ជា​ប្រពន្ធ​ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច​ ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ​ គិត​ពិសោធ​មើល​ ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ​ ហើយ​ដាក់​ចំណី​ បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី​ រួច​បុរស​យក​មាន់​គក​មួយ​ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ​ បាន​យក​ប្រពន្ធ​ទាំង​៤​និង​ក្លើ​នោះ​ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក្ស​ និយាយ​ថា << នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច​ ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី >> ។

ក្រោយ​ពី​នោះ​ ដល់​បាត់​ក្ងោក​ ស្ដេច​ឲ្យ​ប៉ាវ​គង​សួរ​រក​ក្ងោក​នោះ ។ នាង​ស្រី​ប្ដី​លែង​ និង​នាង​ស្រី​សៅកែ​ និយាយ​ទៅ​នាង​ក្រមុំ​ និង​នាង​ប្ដី​ស្លាប់​ថា << ឲ្យ​ប្រាប់​ទៅ​ពួក​អ្នក​ប៉ាវ​គង​ទៅ ! ថា​ប្ដី​យើង​បាន​លួច​កាប់​ក្ងោក​របស់​ស្ដេច​ យក​សាច់​ស៊ី​កុំ​ទៅ​ជួយ​បិទ​បាំង​ថ្វី​ ឲ្យ​វា​ងាប់​ទៅ​ចុះ​ ព្រោះ​វា​ធ្វើ​បាប​វាយ​ជេ​ យើង​ខ្លាំង​ណាស់ >> ។ ស្រី​ក្រមុំ​និង​ស្រី​ប្ដី​ស្លាប់​អង្វរ​ទៅ​វិញ​ថា << កុំ​ធ្វើ​បាប​ប្ដី​របស់​ខ្លួន​ដូច្នោះ​មិន​ល្អ​ទេ >> ។ ស្រី​សៅកែ​ និង​ស្រី​ប្ដី​លែង​ថា << ទោះ​បី​នាង​មិន​ចូល​គំនិត​នឹង​យើង​ ក៏​គង់​តែ​យើង​ប្ដឹង​អ្នក​ប៉ាវ​គង​ដែរ >> ថា​ហើយ​ ស្រី​ទាំង​ពីរ​នាក់​នោះ​ ប្ដឹង​អ្នក​ប៉ាវ​គង​តាម​ដំណើរ​ថា << ប្ដី​ខ្លួន​លួច​ក្ងោក​ស្ដេច​យក​សាច់​ស៊ី >> គ្រាន់​តែ​ឮ​ដូច្នោះ​ភ្លាម​ ពួក​អ្នក​ប៉ាវ​គង​ ក៏​ចាប់​យក​បុរស​នោះ​ ទៅ​ថ្វាយ​ស្ដេច​ទូល​តាម​ដំណើរ ។ ស្ដេច​ឲ្យ​នាំ​បុរស​នោះ​ទៅ​ពិឃាត , លុះ​ទៅ​ដល់​មាត់​ទ្វារ​វាំង​ អ្នក​ចាំ​ទ្វារ​ ពុំ​ព្រម​បើក​ទ្វារ​ សួរ​ថា << អ្នក​នាំ​មនុស្ស​ទោស​នេះ​មក​ តើ​បាន​ជំនុំ​ជម្រះ​ហើយ​ឬ​នៅ?>> ហើយ​បាន​និយាយ​រឿង​មួយ​ប្រាប់​អ្នក​នាំ​ថា :

កាល​នោះ​មាន​សេដ្ឋី​ម្នាក់​ ចិញ្ចឹម​ឆ្កែ​៥០០, វេលា​យប់​មួយ​ មាន​ចោរ​ជីក​ឧម្មង្គ​ចូល​ទៅ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ឧម្មង្គ​វិញ​ទាំង​អស់ ។ ឆ្កែ​របស់​សេដ្ឋី​ដឹង​ បាន​នាំ​គ្នា​វា​ទៅ​ខាំ​ចោរ​ក្នុង​ឧម្មង្គ​នោះ​ ស្លាប់​ទាំង​អស់ , លុះ​ព្រឹក​ឡើង​មហា​សេដ្ឋី​ ឃើញ​បាត់​ទ្រព្យ​សម្បត្តិ​ដូច្នោះ​ នឹក​ខឹង​នឹង​ឆ្កែ​ថា << មិន​ចេះ​ចាំ​របស់​ ក៏​ឲ្យ​គេ​សម្លាប់​ឆ្កែ​ទាំង​នោះ​ចោល​អស់​ទៅ , លុះ​ធំ​អសោច៍​ខ្មោច​ចោរ​ឡើង​ទៅ​មើល​ឃើញ​ចោរ​ស្លាប់​ដូច្នោះ​ ក៏​នឹក​ស្ដាយ​ក្រោយ ។

កំពុង​តែ​និយាយ​ ឃើញ​បម្រើ​ស្ដេច​ ដែល​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ទៅ​យក​បុរស​នោះ​មក​ជំនុំ​ជម្រះ​វិញ ។ លុះ​ស្ដេច​សួរ​បុរស​នោះ​ ពី​រឿង​សម្លាប់​ក្ងោក​មាស, បុរស​ក្រាប​ទូល​ថា​ក្ងោក​នោះ​ ទូល​ព្រះ​បង្គំ​ មិន​បាន​សម្លាប់​ទេ​ គឺ​បាន​ទុក​នៅ​កន្លែង​មួយ​ដោយ​ល្អ , ឯ​សត្វ​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សម្លាប់​ ទទួល​ព្រះ​រាជ​ទាន​នោះ​ គឺ​មាន់​គក​ទេ >> ។ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​ក្ងោក​នោះ​មក​វិញ​ ហើយ​ទ្រង់​លើក​លែង​ទោស​បុរស​នោះ ។ ឯ​ស្រី​ទាំង​ពីរ​នាក់​ដែល​ប្ដឹង​ពី​បុរស​ជា​ប្ដី​ ជា​សម្លាញ់​ក្ងោក​នោះ​ ត្រូវ​បុរស​ជា​ប្ដី​នោះ​ លែង​ចោល​ទៅ។

ចង់​ដឹង​ផល​ពិត​ ត្រូវ​ពិនិត្យ​រក​ហេតុ

0 comments:

Post a Comment