រឿងព្រេងពេទ្យសំណាង
មានកាលថ្ងៃមួយ នាយសំណាងមានវិតក្កខ្លាំង ជាហេតុនាំឲ្យទឹកមុខស្រពោនមិនក្លៀវក្លាចេះតែអង្គុយសំកុក មិននិយាយស្ដីរកអ្នកណាឡើយ ។ ក្នុងខណៈនោះ មានតាចាស់ម្នាក់ មាននាមនឹងគោត្រមិនប្រាកដ ស្មាស្ពាយថងយាម ដៃកាន់ឈើច្រត់ បានដើរមកជួបនឹងនាយសំណាង ក៏សួរថា នៃចៅ មុនខៅក្រៀមក្រស់មិនស្រស់ស្រាយសោះ ទំនងជាមិនសប្បាយដោយហេតុអ្វីមួយឬចៅ ? ។ សូមជំរាបប្រសាសន៍លោកតា ខ្ញុំបាទព្រួយចិត្តជាខ្លាំង ។ ចៅព្រួយព្រោះរឿងហេតុអ្វី? ។ បាទ, ព្រោះខ្ញុំបាទទាល់គំនិតមិនដឹងជានឹងគិតធ្វើរបរបែបណា គ្រាន់នឹងចិញ្ចឹមជីវិតឲ្យបានសុខស្រួល កុំឲ្យមានលំបាកដូចសព្វថ្ងៃនេះ ។ អាយុចៅបានប៉ុន្មានឆ្នាំហើយកើតថ្ងៃអី ឆ្នាំអី ? ។ ជំរាបប្រសាសន៍លោកតា ខ្ញុំបាទអាយុ២៦ ឆ្នាំហើយ កើតថ្ងៃប្រហស្បតិ ខែ បិសាខឆ្នាំច ។ បានជាតាសួរដូច្នេះ ព្រោះតាបានស្តាប់ពាក្យចៅឯងមក គួរឲ្យអាណិតណាស់ តាចង់ពិគ្រោះមើលជោគជតារាសីចៅ ឯង តើក្នុងមួយចប់ជីវិតរបស់ចៅប្រព្រឹត្តទៅបែបណា ។ បានលោកតាមើលឲ្យខ្ញុំបាទអរគុណរកប្រៀបគ្មាន។ តាចាស់បានយកលេខថ្ងៃខែឆ្នាំនឹងអាយុរាសីមកពិនិត្យគន់គូរមើល សង្កេតតាមគម្ពីរវេទ ដែលចេះចាំមកសព្វគ្រប់ហើយ ទើបពិនិត្យមើលលក្ខណៈទ្រង់ទរាយរូបឆោមរបស់ចៅសំណាងមកផ្គូគ្នានឹងលេខថ្ងៃខែឆ្នាំ ហើយទាយថា នៃចៅ! ទំនាយចៅឯងថា នឹងបានសេចក្ដីសុខ មានកេរ្តិ៍ឈ្មោះដោយសាវវិជ្ជាមួយ ។ វិជ្ជាអ្វី? លោកតា! ។ វិជ្ជាពេទ្យផ្សំថ្នាំព្យាបាលរោគគ្រប់ជំពូក ចៅ! ។ ឳលោកតាអើយ! ខ្ញុំបាទនឹងចេះផ្សំថ្នាំធ្វើជាគ្រូពេទ្យដូចម្តេចកើតបើខ្ញុំបាទខ្លៅម្ល៉េះ សូម្បីតែអក្សរលំនាំក៏ខ្ញុំបាទមិនចេះផង ។ តាចាស់ញញឹមហើយប្រាប់ថា មានមនុស្សច្រើនណាក់ណាស់ចៅ! ដែលមានទ្រព្យសម្បត្តិព្រមទាំងមានកេរ្តិ៍ឈ្មោះព្រោះ តែវិជ្ជាផ្សំថ្នាំ គេក៏មិនចេះអក្សរដូចចៅដែរ ។ បើប្រាកដដូចលោកតាមានប្រសាសន៍មែន ខ្ញុំបាទអរណាស់ ។ បន្ទាប់មក តាចាស់លានាយសំណាងដើរហួសទៅ មិនដឹងជាទៅកាន់ទីណា ។
កាលតាចាស់នោះទៅបាត់ ចៅសំណាងអង្គុយទ្រឹងគិត១ស្របក់ ក៏ស្រាប់តែប្រែទឹកមុខថ្លាស្រស់ ដោយនឹកឃើញថា ឳលោកតានេះទាយហាក់ដូចជាបើកមុខវែកផ្លូវ ឲ្យអញធ្វើតាមឧបាយនោះហើយ ។ កាលកន្លងមកមិនយូរប៉ុន្មាន ចៅសំណាងទៅឯមាត់សមុទ្រ ដើររករើសឆ្អឹងត្រី, សំបកលៀស, សំបកត្រី, ស្នូកអណ្ដើក-បបែល-កន្ទាយ-កុយ, ភ្លុក, ស្បែក, ស្នែង, របស់សត្វផ្សេង នឹងដំបុកឆ្កែញ៉ាំងជាដើម, កាលត្រឡប់ពីមាត់សមុទ្រមកវិញ បានឡើងទៅកាន់ព្រៃភ្នំ រកកាប់ដើម, ឫស, សំបកនៃឈើវិសេសៗ ក្រៗ ដែលមិនមានរៀងអាយនឹងតាវល្លិផ្សេងៗ ហើយយកមកតប្រៀបដាក់លក់កណ្ដាលផ្សារនៅស្រុកបច្ចន្ដគ្រាម ព្រមទាំងនិយាយបញ្ចុះបញ្ចូលមនុស្សទាំងពួង ឲ្យជឿចូលចិត្តជាវថ្នាំយកទៅប្រើរម្ងាប់រោកទាំងពួង ។ រីឯពួកបុរសស្រ្ដីដែលមានភ័យព្រោះរោគគ្របសង្កត់រឹបជាន់រាងកាយ សឹងតែនាំគ្នាខ្វល់ខ្វាយចូលជាវឳសថអំពីនាយសំណាងគ្រប់ៗគ្នា ។ ចាប់ដើមពីថ្ងៃដែលនាយសំណាងតាំងថ្នាំលក់ អ្នកផងនាំគ្នាហៅថា "ពេទ្យសំណាងៗ" ជាប់រហូតរៀងមក ។
នៅឳកាសដែលពេទ្យសំណាងកំពុងផ្សាយថ្នាំឳសថ ពួកចៅហ្វាយស្រុកគ្រប់ដំបន់ក្នុងនគរបុរីរម្យ សឹងតែខំខ្វល់ខ្វាយចាត់ការឲ្យភ្នាក់ងារទីទៃៗទៅស៊ើបរកពេទ្យពូកែៗក្នុងដំបន់ដែលខ្លួនកាន់កាប់, លុះស៊ើបទៅឃើញមាន ក៏បញ្ជូនពេទ្យទាំងនោះទៅថ្វាយព្រះករុណាម្ចាស់ជីវិតនៃនគរបូរីរម្យ តាមព្រះរាជឳង្ការត្រាស់បង្គាប់ ។ ចំណែកឯពួករាស្រ្តអ្នកស្រុកបច្ចន្ដគ្រាម កាលមានពួកភ្នាក់ងាររាជការស្រុកទៅស៊ើបរកពេទ្យពូកែ បានឆ្លើយដាក់ទៅលើពេទ្យសំណាងមកសាលាស្រុកហើយប្រាប់ថានៃពេទ្យសំណាង! អ្នកផងក្នុងស្រុកនេះនិយាយថាអ្នកឯងចេះផ្សំថ្នាំយ៉ាងចំណាន ចុះអ្នកឯងដឹងទេ? ឥឡូវនេះព្រះមហាក្សត្រ ដែលសោយរាជ្យនៅនគរយើងនេះ មានព្រះអាបាធរោគក្អករបេងទ្រង់បានឲ្យពួកពេទ្យនៅទីក្រុងទាំងអម្បាលម៉ាន មកព្យាបាលរោគនោះហើយ តែមិនបានធូរស្រាកស្រាន្ដសោះ ទើបទ្រង់ចាត់ព្រះរាជឳង្ការបង្គាប់មកចៅហ្វាយស្រុកគ្រប់ស្រុកក្នុងព្រះនគរ ឲ្យបញ្ជូនពេទ្យក្នុងស្រុកនីមួយៗទៅមើលរោគព្រះអង្គ, ហេតុនេះ យើងនឹងបញ្ជូនអ្នកឯងឲ្យទៅមើលព្រះរោគស្ដេចនោះ ក្នុងកាលឥឡូវនេះ ។
បានឮថា ពេទ្យសំណាងនោះ ក៏កើតរោគក្អករបេងមកយូរឆ្នាំហើរដែរ តែរកថ្នាំមើលដោយខ្លួនឯងមិនជាសោះ កាលបានស្តាប់ពាក្យចៅហ្វាយស្រុកតម្រូវឲ្យទៅមើលរោគស្តេចដូច្នោះ ក៏ភិតភ័យជាខ្លាំង បានអង្វរទៅចៅហ្វាយស្រុកថា សូមលោកមេត្តាកុំបញ្ជូនខ្ញុំប្របាទទៅឲ្យទាន ព្រោះខ្ញុំប្របាទគ្មានចេះផ្សំថ្នាំកែរោគបែបនោះទេណាមួយខ្ញុំប្របាទក៏កើតរោគរបេងនោះដែរ ខ្ញុំបាទនឹងទៅមើលថ្វាយស្តេចដូចម្តេចកើត ។
រីឯចៅហវាយស្រុកនោះ ជាអ្នកខ្លាចស្តេចណាស់ ដោយគិតឃើញថា បើមិនបានបញ្ជូនពេទ្យណាមួយទៅថ្វាយ ក្រែងស្តេចយកទោសថា ល្មើសនឹងព្រះរាជឳង្ការ តែនឹងរកពេទ្យដទៃក្នុងស្រុកនោះក្រៅពីពេទ្យសំណាងមិនបាន ទើបពុំព្រមទទួលពាក្យអង្វរ, ទោះបីពេទ្យសំណាងអង្វរយ៉ាងណា ក៏រឹងរឹតសំដែងអំណាចប្រើអាការបង្ខិតបង្ខំជាខ្លាំងដរាប់ទាល់តែពេទ្យសំណាងលែងប្រកែក ព្រមទទួលទៅទាំងភិតភ័យ ។ ចៅហ្វាយស្រុកបានចាត់បម្រើម្នាក់ ឲ្យយករទេះ១មកនាំពេទ្យសំណាងចៅថ្វាយស្តេច ក្នុងពេលនោះភ្លាមឥតមានបង្អែបង្អង់ឡើយ ។
ពេទ្យសំណាងជិះរទេះទៅអស់រយៈផ្លូវវែងឆ្ងាយ ក៏បានដល់ភ្នំមួយដែលតាំងនៅពាក់កណ្ដាលផ្លូវ បានដាក់រទេះឈប់រកទឹកផឹកក្បែរជើងភ្នំនោះ ។ ដោយការស្រេកទឹកពន់ពេក, តេជោធាតុក្នុងខ្លួនពេទ្យសំណាងក៏ឆេះដាលរោលរាលជាខ្លាំង ជាហេតុបណ្ដាលឲ្យរោគក្អករឹងរឹតតែខ្លាំងឡើងលើសដើមទៅទៀត ។ ជូនជាពេលនោះ ជារដូវខែប្រាំង សត្វទីភូមិភាគផែនដីក្បែរជើងភ្នំ សឹងតែរីងស្ងួតហួតហែងគោកខះអស់ពុំមានទឹកដក់នៅបន្ដិចសោះឡើយ ពេទ្យសំណាងដើររកស្ទើរដាច់ខ្យល់ពុំបានទឹកក្រេបសោះ ដើរទៅដើរទៅបានឃើញខ្ទមមួយ ដល់ដើរចូលទៅជិតឃើញមានបុរសស្រ្ដីប្តីប្រពន្ធនៅក្នុងខ្ទមនោះ ឯប្រពន្ធកំពុងលាងបន្លែច្រើនមុខក្នុងផើងមួយ ដោយទឹកបន្ដិចហើយល្ងក់កខួរ ។ ពេទ្យសំណាងនិយាយសុំទឹកថា អឺអ្នក! មានទឹកទទួលទានទេ មេត្តាឲ្យខ្ញុំសុំទទួលទានបាន១ឆ្អែត ។ ស្រ្ដីនោះតបថា ឳ លោកអើយ!ខ្ញុំគ្មានទេនៅទីនេះក្រទឹកណាស់, ខ្ញុំខំសំរេងដងអំពីអណ្ដូងខាងត្បូងផ្ទះបានល្មមតែស្លដណ្ដាំ, នៅសល់បន្ដិចបន្ដួច ខ្ញុំយកមកលាងបន្លែនេះអស់ទៅហើយ ។ ពេទ្យសំណាងស្រេកទឹកខះកពេកទ្រាំអត់ពុំបាន ក៏សុំទឹកលាងបន្លែអំពីស្រ្ដីនោះមកផឹក រួចលាម្ចាស់ខ្ទមត្រឡប់មកឡើងជិះរទេះធ្វើដំណើរតទៅមុខទៀត ។
លុះពេទ្យសំណាងជិះរទេះទៅដល់ទីក្រុង ក៏បរទេះចូលទៅតាមថ្នល់ក្នុងក្រុង មើលឃើញថ្នល់ស្អាតៗខ្វាត់ខ្វែងជាក្រឡាចត្រង្គ ឃើញសសរគោមដាក់ចង្កៀងបំភ្លឹវេលាយប់ភ្លឺរន្ទាល តាមដោយចិញ្ចើមថ្នល់ជាសង្កាត់ៗ ឃើញផ្ទះផ្សារធំៗខ្ពស់ៗច្រើនជាន់ល្វែងសង់ជាជួរៗតាមសងខាងថ្នល់នីមួយៗ នៅក្នុងផ្ទះផ្សារទាំងនោះ ឃើញសុទ្ធតែជាតិអ្នកនគរបុរីរម្យបើកលក់ទំនិញគ្រប់មុខ, ទីខ្លះឃើញសួនផ្កា ដាំផ្កាលាយពណ៌ចម្រុះគ្នា វិចិត្រជាក្បាច់ផ្សេងៗគួរឲ្យមៀងមើល ។ ពេទ្យសំណាងជិះរទេះគន់មើលបណ្ដើរ លុះបរទៅដល់ព្រះបរមរាជវាំង ឃើញកំពែងវែងសន្លឹម ធ្វើអំពីថ្មដ៏ខ្ពស់ព័ទ្ធជុំវិញជា ៤ ជ្រុង នៅជុំវិញកំពែងនោះ មានរោងទងដ៏ល្អវិចិត្រក្បាច់រចនាប្លែកៗ មើលទៅខាងក្នុងឃើញប្រាសាទជាច្រើន ខ្ពស់ទទុងៗ ប្រក់សុទ្ធតែក្បឿងពណ៌ភ្លឺចិញ្ចែង កំពូលមុខព្រហហ្មបួន នៅទីក្បែរខាងប្រាសាទមួយៗមានសួនផ្កាល្អត្រកាលពេទ្យសំណាងឃើញហើយ នឹងអស្ចារ្យស្ងើចស្ញប់ស្ញែងខ្លាចរិទ្ធានុភាពស្តេចផែនដី ដែលរៀបចំទីក្រុងនឹងព្រះរាជវាំង ឲ្យរុងរឿងនេះ ជាអនេកកប្បការ ។
កាលពេទ្យសំណាង ចុះពីរទេះដើរចូលទៅក្នុងព្រះបរមរាជវាំង បានឃើញពួកពេទ្យដែលមកអំពីស្រុកក្រៅ កំពូងគេផ្សំឳសថថ្វាយស្ដេច តែស្ដេចសោយថ្នាំទាំងនោះទៅ ក៏ពុំបានជាព្រះរោគឡើយ ។ ក្នុងកាលមុននឹងចូលទៅគាល់ស្តេច ពេទ្យសំណាងមានព្រួយចិត្ត ឆ្លេឆ្លាគំនិតជាខ្លាំងណាស់ ដោយការស្រាវជ្រាវនឹករកថ្នាំនឹងយកមកប្រកបផ្សំថ្វាយស្ដេចដើម្បីដោះទាល់ខ្លួន ព្រោះកាលចេញពីផ្ទះមកគ្មានដោយជាប់ថ្នាំបន្ដិចបន្ដួចមកផងទេ, ដើរបណ្ដើរនឹករកថ្នាំបណ្ដើរ, កំពុងតែដើរគិតៗ ស្រាប់តែភ្ញាក់ក្នុងចិត្តថា "យី!អញមកតាមផ្លូវ មិនបានពិនិត្យមើលរោគខ្លួនឯងផងសោះ ឥឡូវនេះក្នុងខ្លួនអញដូចជាបានធូរច្រើនណាស់បាត់ក្អកបាត់ក្ដៅស្ទេញអស់ហើយ, ប្រហែលរោគក្នុងរូបអញនេះបានសះស្បើយ ដោយសារផឹកទឹកសាងបន្លែ ដែលសុំពីស្រីនៅជើងភ្នំនោះទេដឹង? អញគួរមើលថ្វាយស្តេចតាមទំនងនេះចុះ" លុះគិតឃើញដូច្នេះហើយ ក៏ឲ្យគេនាំខ្លួនចូលទៅក្រាបបង្គំគាល់ស្ដេចៗទ្រង់មានព្រះរាជឳង្ការសួរថា "ពេទ្យសំណាង! អ្នកឯងអាចមើលរោគយើងជាទេ? បើមើលជា, យើងនិងឲ្យរង្វាន់ជាច្រើន" ។ ពេទ្យសំណាងក្រាបទូលបង្គំទូលថា "សូមទ្រង់ព្រះមេត្តាប្រោស! ទូលបង្គំសូមមើលថ្វាយតាមបន្ទាល់ តែសូមទ្រង់ព្រះរាជទានបន្ទប់មួយដ៏ស្ងាត់នឹងមនុស្សបម្រើពីរនាក់ ដើម្បីនឹងបានចាត់ចែងឳសថថ្វាយ" ។ ស្ដេចទ្រង់បានប្រទានតាមពាក្យសុំរបស់ពេទ្យសំណាងៗបានហៅអ្នកបម្រើទាំងពីរនាក់នោះ ឲ្យចូលទៅក្នុងបន្ទប់ហើយបង្គាប់ឲ្យទៅរកបេះស្លឹក ផ្លែឈើ មើលឈើដែលគេស្លបរិភោគបានបន្ដិចៗគ្រប់មុខអំពីស្រុកស្រែមកឲ្យ, កាលបានហើយ ក៏យកចូលទៅក្នុងបន្ទប់នោះ ហើយយកទឹកលាងក្នុងចានដែកមួយ ធ្វើទំនងឲ្យដូចស្រីលាងបន្លែដែលខ្លួនឃើញ រួចយកទឹកនោះទៅត្រងដោយសំពត់សស្អាត ហើយចាក់ទៅក្នុងកែវមួយនាំយកទៅថ្វាយស្ដេចៗ សោយទឹកឳសថអស់១កែវនោះ ព្រះអាពាធក៏បានធូរសះស្បើយចាកព្រះអង្គ ។
ព្រះមហាក្សត្រាធិរាជ កាលបានជាព្រះរោគហើយ ទ្រង់សោមនស្សរីករាយសប្បាយក្នុងព្រះរាជហឫទ័យជាខ្លាំង ទ្រង់បានធ្វើបដិការតបគុណពេទ្យសំណាង ឲ្យសមគួរដល់កិច្ចដែលគេបានស្រង់ជីវិតព្រះអង្គ គឺទ្រង់ប្រទានស្រីស្នំម្នាក់ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែលមានរូបឆោមល្អឆើតមានពុជពង្សខ្ពង់ខ្ពស់ ឲ្យជាភរិយា, ទ្រង់ប្រទានខ្ញុំប្រុសខ្ញុំស្រីច្រើននាក់នឹងមាសប្រាក់ច្រើនពាន់ ព្រមទាំងផ្ទះមួយដ៏មានប្រដាប់ប្រើប្រាស់ក្នុងនោះគ្រប់គ្រាន់ ហើយទ្រង់ប្រទានយសសក្ដិខ្ពង់ខ្ពស់ទីឧកងារជាឧកញ៉ាសំណាងមានភ័ព ។ ពេទ្យសំណាងកាលបានទទួលព្រះរាជអំណោយដ៏ប្រសើរយ៉ាងនេះហើយ ក៏មានចិត្តត្រេកអរមហិមាបាននៅរួមវាសនាជាមួយនឹងនាងសុគន្ធជាសុខសប្បាយ ថ្ងៃក្រោយមកបានប្រើគេឲ្យទៅនាំមាតាយកមកនៅជាមួយឯទីក្រុងវិញ ។
តាំងពីថ្ងៃដែលព្រះរាជាទ្រង់សះស្បើយព្រះរោគ, កិត្តិស័ព្ទដ៏ពិរោះក៏លាន់ឮខ្ចរខ្ចាយពេញទាំងនគរថាពេទ្យសំណាងមើលស្តេចជា ។ មនុស្សទាំងឡាយជាអ្នកមានទុក្ខធុរៈ ដោយរោគផ្សេងៗបាននាំគ្នាចូលទៅសុំជាវថ្នាំលោកសំណាងរាល់ថ្ងៃ ។ ឳសថណាដែលលោកសំណាងផ្សំឲ្យ ឳសថនោះពូកែសក្ដិសិទ្ធិអាចរម្ងាប់រោគបានដូចចិត្ត ។ លោកសំណាងបានជួបសេចក្ដីសុខបន្ដិចម្តងៗ តាំងពីថ្ងៃចេញលក់ថ្នាំ, រហូតមកដល់មានកេរ្តិ៍ឈ្មោះជាពេទ្យវិសេស រឹងរឹតមានសេចក្ដីសុខដ៏ធំទូលាយថែមទៀត គួរឲ្យអស្ចារ្យនឹងបុណ្យលោកដ៏ក្រៃលែង ។
ច្រៀងដែលដំណាលមកនេះ បំភ្លឺបានទាំងពីរផ្លូវ គឺទាំងផ្លូវលោកនឹងផ្លូវធម៌ ដូចមានសេចក្ដីរួចរួមជាពាក្យកាព្យតទៅនេះ ៖
បុណ្យភ័ព្វកំណប់ពីព្រេងនាយ តែងឲ្យពណ្ណរាយនាលោកិយ
ដល់ជនជាប្រុសឬជាស្រី ដែលខំឃ្មាតខ្មីកសាងទុក ។
ឃើញទេលោកសំណាងមានភ័ព្វ ល្បីឈ្មោះមានទ្រព្យគេរាប់មុខ
ផ្សំថ្នាំសក្តិសិទ្ធិឥតមានធុក នេះគឺសាងសុខទុកពីមុន ។
មួយទៀតរឿងនេះសឲ្យយល់ ថាកុំឲ្យវល់ព្រោះគ្មានទុន
ប្រឹងតែធ្វើការកុំស្ករស្កុន សុខសាន្ដទ្វេគុណគង់កើតមាន ។
ហេតុនេះអស់សាធុជនអើយ បើក្ដីក្រគ្របហើយត្រូវរិះធ្យាន
ប្រឹងប្រកបការឲ្យកើតបាន ដូចពេទ្យចំណាននេះអ្នើអឺយ ។
ចប់រឿងព្រង ពេទ្យសំណាង
0 comments:
Post a Comment