BTemplates.com

khmer kids. Powered by Blogger.

Translate

Search This Blog

Thursday, August 21, 2014

រឿង​ចចក


Khmer folk tale, story for kid: កាល​ពី​ព្រេងនាយ​ មាន​ចចក​ត្រោស​ធំ​មួយ​ ដល់​ខែ​លំហើយ​ វា​ដើរ​រក​ត្រពាំង​បឹងបួរ​ដែល​រីង​ទឹក​ ដើម្បី​ចាប់​ត្រី​ស៊ី ។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់​ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធតែ​ភក់​ មាន​ត្រី​ កំពឹស​ បង្កង​ ក្ដាម​ ជា​ច្រើន​ណាស់ ។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិត​ថា << ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់​ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ >> ។ ឯ​កំពឹស​មាន​ប្រាជ្ញា​ ឮ​ចចក​ថា​ដូច្នោះ​ហើយ​ ក៏​និយាយ​លួងលោម​ចចក​ថា << យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ​ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់​ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​ មិន​ឆ្ងាញ់​ពិសា​ទេ >> ។ ចចក​ឆ្លើយ​ថា << ធ្វើ​ដូម្ដេច​នឹង​ឆ្ងាញ់​ពិសា​? ។ កំពឹស​ឆ្លើយ​ថា << ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ ហើយ​សឹម​ស៊ី​ នោះ​ទើប​ឆ្ងាញ់​ពិសា >> ។ ចចក​ថា​ << ធ្វើ​ដូម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្លេះ ? >>។ កំពឹស​ថា << បង​ចចក​កុំ​ព្រួយ​ចិត្ត​ ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល​ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ >> ។ ចចក​ឆ្លើយ​ឡើង​ថា << បង​ឯង​ធ្វើ​ដូម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់ >> ។ កំពឹស​ថា << ធ្វើ​ដូច្នេះ​ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ​ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង​ បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹង​បួ​ឯណា​ ដែល​មាន​ទឹក​ថ្លា​ច្រើន​ បង​ឯង​លាង​យើង​ឲ្យ​ស្អាត​ ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ >> ។ ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់​ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី​ ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ​ លុះ​ទៅ​ដល់បឹង​មួយ​ធំ​វែង​ មាន​ទឹក​ថ្លា​ល្អ​ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ អស់​ត្រី​កំពឹស​លោត​ទៅ​ក្នុង​ទឹក​ ហើយ​ប្រាប់​ថា​ << បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន​ សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង​ យើង​នៅ​ចាំ​បង​នៅ​ទីនេះ >> ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក​ លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។ ពួក​ត្រី​ កំពឹស​ ក្ដាម​ ខ្យង​ ដឹង​ថា​ ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ ។ ឯ​ចចក​ ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់​ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ​ តូច​ ដំរី​ រមាស​​ខ្លា​ គ្រប់​ភាសា​សត្វ​ ទាំង​ពស់​ថ្លាន់​ ពស់​ធំ​ ពស់​តូច​ ទាំង​សត្វ​ហើរ​ គ្មាន​សេស​សល់​ដល់​តិច​ បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ និង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ ស៊ី​ឲ្យ​អស់​ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់​អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា​ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង​​ភ័យ​ណាស់​ ក៏​គិត​គ្នា​ថា << យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​សត្វ​ទាំងអស់​នេះ​លែង​បាច​ទឹក ? >> កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា << ខ្ញុំ​ឮ​គេ​និយាយ​ថា​ បង​សុភាទន្សាយ​ ជា​អ្នក​មាន​ប្រាជ្ញា​ ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង​ ជា​ច្រើន​​ណាស់​ហើយ​បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភាទន្សាយ​ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង >> ។ បួក​ត្រី​គិត​គ្នា​ហើយ​ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់​ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី​ បាន​ឃើញ​ត្រីក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា << បង​ត្រី​ក្រាញ់​ទៅ​ណា ? >> ។ ត្រី​ក្រាញ់​ឃើញ​សុភាទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់​ និយាយ​អង្វរ​ថា​ បង​សុភា​ទន្សាយ​​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​ មក​ ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ​ ត្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា​ បង​ជា​អ្នក​មាន​ប្រាជ្ញា​ ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​ឯណា​កើត​ទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី​ ក្របី​ គោ​ រមាស​ រមាំង​ប្រើស​ ក្ដាន់​ ជ្រូក​ ពស់​ធំ​ ពស់​តូច​ ទាំង​សត្វ​ហើរ​ គឺ​កុក​ ក្រៀល​ បង្កៀល​ ខ្យង​ ទុង​ ទោម​ ក្អែក​ទឹក​ ប្រវឹក​ ស្មោញ​ ទាំង​ប៉ុន្មាន​ បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​នឹង​បាន​ចាប់​អស់​ ត្រី​ អណ្ដើក​ កន្ធាយ​ ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​បឹង​នេះ​ឯង ។ បើ​ដូច្នេះ​បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ​ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ​ នឹង​បាន​ល្បី​កេរ៍្តឈ្មោះ​ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង​ យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា << បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ​ ទៅ​ប្រាប់​អស់​បងប្អូន​កុំ​ឲ្យ​ភិតភ័យ​ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ >> ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ​ ឯ​ទន្សាយ​លុះ​ព្រឹក​ព្រហាម​ ឡើង​ទៅ​មាត់​បឹង​ ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក​ ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះៗ​មក​ធ្វើ​ជា​សំបុត្រ​ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា​ នែ ! បង​ប្អូន​ទាំងអស់​ចាំ​ស្ដាប់​ខ្ញុំ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​ សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា << ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ​ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក​ ដក​ភ្លុក​ដំរី​ស >> ។ អស់​សត្វ​ឮ​ថា​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់​ ផ្អើល​បោល​ជាន់​គ្នា​ ពាន​លើ​ដំរី​ ក្របី​ រមាស​ រមាំងៗ​ ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់​ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់​ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។ សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។ តាំង​ពី​ថ្ងៃ​នោះ​មក​អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ​ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។

អណ្ដាត​ជា​អាទិ៍​កន្លង​ ស្លាប់​ផង​ រស់​ផង​ ពីព្រោះ​អណ្ដាត

0 comments:

Post a Comment